Wednesday, March 25, 2009

អង្គាចាកទង



១.​អង្គានាមាជាបុប្ផា
ស្រស់ថ្លាបវរគួរបេតី
ត្រកងថ្នាក់ថ្នមប្រលោមបី
លើរូបពិសីព្រោះក្តីស្នេហ៍ ។​

២.​ពពួកភូមរាកន្លង់ឃ្មុំ
តែងរងទុក្ខធំពុំមានល្ហែ
ទារុណដួងចិត្តត្បិតលួចស្នេហ៍
អង្គាមាសមេប្រែខកខាន ។

៣.ប៉ុន្ែតអនិច្ចាកម្មលោកិយ
អង្គាពិសីស្រីកល្យាណ
ត្រូវរងទុក្ខធំងំក្នុងប្រាណ
ហេតុតែប្រុសព្រានបំពានកេរ ។​

៤.ប្រុសព្រានចិត្តពាលអន្តិរ្ថិយ
ចាប់ចង់មេត្រីឥតរិះរេ
រំលោភបំពានលើមាសមេ
ឥតគិតឃ្នាន់ឃ្នេអាសូរស្រី ។​

៥.អង្គាលាទងបង្គងបាក់
វាសនាត្រូវធ្លាក់ចូលអវចី
បាត់បង់បរិសុទ្ធព្រហ្មចរីយ៍
រុះរោយកេសីបាត់សម្ផស្ស ។​

៦.អង្គាលាទងបង្គងព្រាត់
ជីវិតកំសត់លែងរីកស្រស់
ហាក់ដូចជាចកកំពុងរស់
មានឈ្មោះតែលតោលកណ្តាលបឹង។​

៧.ថ្ងៃនេះទៅមុខលែងសុខុម
តែងរងទុក្ខធំឥតរំពឹង
អណ្តែតដូចចកកណ្តាលស្ទឹង
រំពឹងកែប្រែតែមិនបាន​ ។​

៨.​ទិវារាត្រីតែងកន្លង
អង្គាសៅហ្មងឥតស្រាកស្រាន
ស្តាយរូបស្តាយឆោមស្រស់កល្យាណ
មិនគួរបង់ប្រាណក្នុងភក់ជ្រាំ។​

៩.​រនាំងជីវិតកណ្តាលភ្នក់
នរកលោកិយតែងទន្រ្ទាំ
ជ្រមុជក្នុងកម្មឲ្យគ្រាក្រំ
បង្ខំសាងបាបដោយសុចរិត ។​

១០.ភ្លើងកលតណ្ហាអវិជ្ជា
ចងកម្មចងពៀរចងរួបរិត
កង្វក់វិញ្ញាណដួងកាយចិត្ត
ឲ្យជួបវិបត្តិផុតវិស័យ ។​

១១.ភ្លើងលោភភ្លើងកម្មកាចឫស្យា
ុងប្រាណ ហេតុតែប្រុសព្រានបំពានកេរ ។​
លើកដាវប្រហារចាក់ប្រល័យ
ឲ្យចិត្តបរិសុទ្ធសូន្យសោះក្ស័យ
ចាញ់ដៃចិត្តពាលចិត្តមោហា ។​

១២.​ខិតខំរក្សាភាពប្រសិទ្ធិ
បរិសុទ្ធទាំងចិត្តទាំងកាយា
ពេលនេះរលាយបង់អសារ
ដោយសារមនុស្សពាលចិត្តកោងកាច។​

១៣.​ទុក្ខអើយ!​ ទុក្ខខ្ញុំធំកន្លង
ទោះក្ស័យរយដងក៏មិនអាច
លាងខ្មាសឆ្អេះឆ្អាបដោយអំណាច
វិបត្តិពាលកាចលាមកកម្ម។​

១៤.​ទួញយំរាល់ថ្ងៃស្ទើរក្ស័យប្រាណ
នៅមិនបានស្រានពីភពកម្ម
ទួញអើយ! ទួញយំទ្រូងប្រេះស្រាំ
កម្មអើយ! អើយកម្មនាំវិនាស ។​

១៥.យំមួយយំស្តាយព្រហ្មចរីយ៍
ស្តាយក្តីបរិសុទ្ធដែលវិនាស
យំមួយយំព្រោះតែនឹកខ្មាស
អស់រាស្រ្តប្រជាញាតិសន្តាន ។​

១៦.​យំមួយតូចចិត្តត្បិតខឹងខ្លួន
កម្មតែងរុកកួនឥតស្រាកស្រាន
ញាំញីវិញ្ញាណនិងអង្គប្រាណ
រុញច្រានចូលក្នុងអន្លង់ពៀរ ។​

១៧.​ខិតខំបន់ផ្សងប៉ងប្រាថ្នា
សាងបុណ្យកុសលាឥតរេរា
សូមឲ្យមានអង្គជួយលាងពៀរ
ប្រាថ្នាបានគ្នាជាគូពិត ។​

១៨.សូមជួយចម្លងឲ្យឆ្លងស្កាត់
ពីកម្មវិបត្តិខ្មៅងងិត
កសាងវាសនាថ្មីល្អពិត
រចនាជីវិតឲ្យប្រពៃ ។​

១៩.​រូបខ្ញុំសង្ឃឹមថាអង្គា
នាងពិតផុតពៀរកម្មចង្រៃ
មានអង្គបរិសុទ្ធគ្រាន់ប្រាស្រ័យ
នាំនាងផុតភ័យក្តីទុក្ខា ។

២០.​តែរាត្រីនេះសូមឈប់គិត
ចូរស្តាប់ពាក្យពិតនៃខ្ញុំណា
ហើយសូមលង់លក់ក្នុងនិន្រ្ទា
ជួនជាសុបិនឥតឆ្អិនឆ្អន់​ ។​

២១.​ពេលព្រឹងព្រាងស្រាងដួងសុរិយា
សូមចាកនិន្រ្ទាកុំទម្រន់
កសាងជីវិតល្អលើសលន់
រូបខ្ញុំជួយបន់លើកទឹកចិត្ត ។



រាជធានីភ្នំពេញ, ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៥

សុវត្ថិ គុជ សុវណ្ណ

No comments:

Post a Comment