អង្គាចាកទង
១.អង្គានាមាជាបុប្ផា
ស្រស់ថ្លាបវរគួរបេតី
ត្រកងថ្នាក់ថ្នមប្រលោមបី
លើរូបពិសីព្រោះក្តីស្នេហ៍ ។
២.ពពួកភូមរាកន្លង់ឃ្មុំ
តែងរងទុក្ខធំពុំមានល្ហែ
ទារុណដួងចិត្តត្បិតលួចស្នេហ៍
អង្គាមាសមេប្រែខកខាន ។
៣.ប៉ុន្ែតអនិច្ចាកម្មលោកិយ
អង្គាពិសីស្រីកល្យាណ
ត្រូវរងទុក្ខធំងំក្នុងប្រាណ
ហេតុតែប្រុសព្រានបំពានកេរ ។
៤.ប្រុសព្រានចិត្តពាលអន្តិរ្ថិយ
ចាប់ចង់មេត្រីឥតរិះរេ
រំលោភបំពានលើមាសមេ
ឥតគិតឃ្នាន់ឃ្នេអាសូរស្រី ។
៥.អង្គាលាទងបង្គងបាក់
វាសនាត្រូវធ្លាក់ចូលអវចី
បាត់បង់បរិសុទ្ធព្រហ្មចរីយ៍
រុះរោយកេសីបាត់សម្ផស្ស ។
៦.អង្គាលាទងបង្គងព្រាត់
ជីវិតកំសត់លែងរីកស្រស់
ហាក់ដូចជាចកកំពុងរស់
មានឈ្មោះតែលតោលកណ្តាលបឹង។
៧.ថ្ងៃនេះទៅមុខលែងសុខុម
តែងរងទុក្ខធំឥតរំពឹង
អណ្តែតដូចចកកណ្តាលស្ទឹង
រំពឹងកែប្រែតែមិនបាន ។
៨.ទិវារាត្រីតែងកន្លង
អង្គាសៅហ្មងឥតស្រាកស្រាន
ស្តាយរូបស្តាយឆោមស្រស់កល្យាណ
មិនគួរបង់ប្រាណក្នុងភក់ជ្រាំ។
៩.រនាំងជីវិតកណ្តាលភ្នក់
នរកលោកិយតែងទន្រ្ទាំ
ជ្រមុជក្នុងកម្មឲ្យគ្រាក្រំ
បង្ខំសាងបាបដោយសុចរិត ។
១០.ភ្លើងកលតណ្ហាអវិជ្ជា
ចងកម្មចងពៀរចងរួបរិត
កង្វក់វិញ្ញាណដួងកាយចិត្ត
ឲ្យជួបវិបត្តិផុតវិស័យ ។
១១.ភ្លើងលោភភ្លើងកម្មកាចឫស្យា
ុងប្រាណ ហេតុតែប្រុសព្រានបំពានកេរ ។
លើកដាវប្រហារចាក់ប្រល័យ
ឲ្យចិត្តបរិសុទ្ធសូន្យសោះក្ស័យ
ចាញ់ដៃចិត្តពាលចិត្តមោហា ។
១២.ខិតខំរក្សាភាពប្រសិទ្ធិ
បរិសុទ្ធទាំងចិត្តទាំងកាយា
ពេលនេះរលាយបង់អសារ
ដោយសារមនុស្សពាលចិត្តកោងកាច។
១៣.ទុក្ខអើយ! ទុក្ខខ្ញុំធំកន្លង
ទោះក្ស័យរយដងក៏មិនអាច
លាងខ្មាសឆ្អេះឆ្អាបដោយអំណាច
វិបត្តិពាលកាចលាមកកម្ម។
១៤.ទួញយំរាល់ថ្ងៃស្ទើរក្ស័យប្រាណ
នៅមិនបានស្រានពីភពកម្ម
ទួញអើយ! ទួញយំទ្រូងប្រេះស្រាំ
កម្មអើយ! អើយកម្មនាំវិនាស ។
១៥.យំមួយយំស្តាយព្រហ្មចរីយ៍
ស្តាយក្តីបរិសុទ្ធដែលវិនាស
យំមួយយំព្រោះតែនឹកខ្មាស
អស់រាស្រ្តប្រជាញាតិសន្តាន ។
១៦.យំមួយតូចចិត្តត្បិតខឹងខ្លួន
កម្មតែងរុកកួនឥតស្រាកស្រាន
ញាំញីវិញ្ញាណនិងអង្គប្រាណ
រុញច្រានចូលក្នុងអន្លង់ពៀរ ។
១៧.ខិតខំបន់ផ្សងប៉ងប្រាថ្នា
សាងបុណ្យកុសលាឥតរេរា
សូមឲ្យមានអង្គជួយលាងពៀរ
ប្រាថ្នាបានគ្នាជាគូពិត ។
១៨.សូមជួយចម្លងឲ្យឆ្លងស្កាត់
ពីកម្មវិបត្តិខ្មៅងងិត
កសាងវាសនាថ្មីល្អពិត
រចនាជីវិតឲ្យប្រពៃ ។
១៩.រូបខ្ញុំសង្ឃឹមថាអង្គា
នាងពិតផុតពៀរកម្មចង្រៃ
មានអង្គបរិសុទ្ធគ្រាន់ប្រាស្រ័យ
នាំនាងផុតភ័យក្តីទុក្ខា ។
២០.តែរាត្រីនេះសូមឈប់គិត
ចូរស្តាប់ពាក្យពិតនៃខ្ញុំណា
ហើយសូមលង់លក់ក្នុងនិន្រ្ទា
ជួនជាសុបិនឥតឆ្អិនឆ្អន់ ។
២១.ពេលព្រឹងព្រាងស្រាងដួងសុរិយា
សូមចាកនិន្រ្ទាកុំទម្រន់
កសាងជីវិតល្អលើសលន់
រូបខ្ញុំជួយបន់លើកទឹកចិត្ត ។
រាជធានីភ្នំពេញ, ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០៥
សុវត្ថិ គុជ សុវណ្ណ